ថ្នាលទិន្នន័យសហគមន៍នេសាទ

សហគមន៍នេសាទនិងការអភិវឌ្ឍមូលដ្ឋានទិន្នន័យ 

ចាប់តាំងពីឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់វិស័យជលផលជាបន្តបន្ទាប់ ដោយបានសម្រេចលុបឡូត៍នេសាទបឹងព្រែក ទូទាំងប្រទេស និងប្រគល់ជូនប្រជាពលរដ្ឋធ្វើនេសាទទ្រង់ទ្រាយតូច តាមរយៈការរៀបចំសហគមន៍នេសាទ។ ការកែទម្រង់នេះបានផ្តល់សិទ្ធិនិងអំណាចដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានជលផលនិងការការពារធនធានជលផល។ បច្ចុប្បន្ន មានសហគមន៍នេសាទសរុបចំនួន ៥២៦ ត្រូវបានបង្កើតឡើងទូទាំងប្រទេសក្នុងចំណោមនោះ ៤៨២ សហគមន៍ ស្ថិតនៅតំបន់នេសាទទឹកសាប និង៤៤ សហគមន៍ ស្ថិតនៅតំបន់ឆ្នេរសមុទ្រ។ គិតត្រឹមឆ្នាំ២០២៥ សហគមន៍នេសាទចំនួន ៤៥៦ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សហគមន៍នេសាទមានតួនាទីសំខាន់ក្នុងការចូលរួមគ្រប់គ្រង  អភិរក្ស និងប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព។ ដោយមានការគាំទ្រពីរដ្ឋបាលជលផលនិងដៃគូអភិវឌ្ឍន៍នានា សហគមន៍នេសាទបានទទួលការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រង គាំទ្របច្ចេកទេស និងមូលនិធិខ្នាតតូច ដើម្បីពង្រឹងសមត្ថភាពការចូលរួមគ្រប់គ្រង ការអនុវត្តច្បាប់ និងគណនេយ្យភាព។ ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប កម្មវិធី EU/FAO CAPFISH រដ្ឋបាលជលផលបានបង្កើតគោលការណ៍ណែនាំសម្រាប់ការផ្តល់មូលនិធិខ្នាតតូច ចំនួន ១០០០ដុល្លារអាមេរិក ក្នុងមួយសហគមន៍ ជូនដល់សហគមន៍នេសាទសរុបចំនួន១៥០ សហគមន៍ និងសហគមន៍ស្រះជម្រកត្រីចំនួន១០០សហគមន៍ សម្រាប់អនុវត្តផែនការគ្រប់គ្រងកន្លែង       សហគមន៍។ សមាជិកគណៈកម្មការសហគមន៍ បានទទួលការបណ្តុះបណ្តាលសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តការគ្រប់គ្រងថវិកា ការចំណាយ និងទូទាត់ថវិកាខ្នាតតូច និងការកត់ត្រា និងការធ្វើរបាយការណ៍លទ្ធផល និងសកម្មភាពការអនុវត្តផែនការគ្រប់គ្រងកន្លែងនេសាទសហគមន៍។

ដើម្បីជំរុញការចែករំលែកបទពិសោធន៍ ចំណេះដឹង និងព័ត៌មានអំពីសហគមន៍នេសាទ រដ្ឋបាលជលផលតាមរយៈកម្មវិធី FAO CAPFISH-Capture បានអភិវឌ្ឍ “មូលដ្ឋានទិន្នន័យនិងព័ត៌សហគមន៍នេសាទ” នៅឆ្នាំ២០២៤ ដោយសហការជាមួយអង្គការទិន្នន័យសម្រាប់ការអភិវឌ្ឍ (ODC)។ មូលដ្ឋានទិន្នន័យអនឡាញនេះបង្ហាញអំពីទិន្នន័យ និងព័ត៌មាន និងផែនទីកន្លែងសហគមន៍នេសាទ ដូចជាអំពីទំហំកន្លែងនេសាទ សមាជិកភាព និងសមិទ្ធផលការងារសម្រេចបានរបស់   សហគមន៍។ មូលដ្ឋានទិន្នន័យនេះ ជាមូលដ្ឋានទិន្នន័យនិងព័ត៌មានសម្រាប់ជួយដល់ការធ្វើផែនការសកម្មភាព និងការសម្រេចចិត្តកំណត់ជម្រើសគ្រប់គ្រងជលផលក្នុងសហគមន៍ប្រកបដោយចីរភាព។

ចំនួនសហគមន៍នេសាទសុរប

សហគមន៍នេសាទចុះបញ្ជីផ្លូវការ

ចំនួនសមាជិកសហគមន៍នេសាទ

ទំហំកន្លែងសហគមន៍នេសាទសរុប (ហ.ត))

តំបន់អភិរក្សសហគមន៍នេសាទ

526

456

332 168 (35% ស្ដ្រី)

979 685 (ទឹកសាប 836 496 និងតំបន់ឆ្នេរ 143 188)

579 កន្លែង និងអន្លង់ត្រីមេពូជ ៨៤កន្លែង