សេចក្តីសង្ខេប

ប្រវត្តិ និងបច្ចុប្បន្នភាពនៃអគ្គនាយកដ្ឋានកសិកម្ម

ដោយវិស័យកសិកម្មកម្ពុជាមានសន្ទុះរីកចំរើនយ៉ាងខ្លាំងនាទស្សវត្យរ៍ចុងក្រោយនេះហើយដោយ​មើល​​ឃើញេពីទំហំការងារនិងភាពចាំបាច់ ដើម្បីធានាបាននូវសន្តិសុខស្បៀង ការគ្រប់​គ្រងវិស័យកសិកម្ម និង​​ប្រើប្រាស់​ធនធាន​ធម្មជាតិដោយចេរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើរាជរដ្ឋាភិបាល​តម្លើង​នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ទៅជាអគ្គនាយកដ្ឋានកសិកម្ម។

អនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ បានធ្វើការកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាល និង បច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យឆ្លើយតប​តាម​តម្រូវ​ការ ការងារជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាពិសេស ជំរុញការអនុវត្ត​គោល​នយោ​បាយ ​​យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យទទួលបានលទ្ធផល ត្រចះត្រចង់ថែមទៀត។ អនុក្រឹត្យ​នេះ​បានកែ​សម្រួល​រចនាសម្ព័ន្ធអង្គការលេខមួយចំនួនរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖

  • អគ្គនាយកដ្ឋាននៃក្រសួង ទៅជាអគ្គលេខាធិការដ្ឋាននៃក្រសួង
  • រដ្ឋបាលព្រៃឈើ និងជលផល ដំឡើងថ្នាក់ស្មើ អគ្គនាយកដ្ឋាន
  • នាយកដ្ឋានក្សេត្រសាស្ត្រ និងកែលំអដីកសិកម្ម ដំឡើងទៅជា អគ្គនាយកដ្ឋានកសិកម្ម
  • ដូរឈ្មោះអគ្គនាយកដ្ឋានចម្ការកៅស៊ូ ទៅជា អគ្គនាយកដ្ឋានកៅស៊ូ។

អគ្គនាយកដ្ឋានកសិកម្មមាននាយកដ្ឋានចំនួន៨ មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​ចំនួន១ និងកសិដ្ឋានស្ថានីយពិសោធន៍ស្រាវជ្រាវ និងមជ្ឈមណ្ឌល​អភិវឌ្ឍន៍កសិកម្ម​សរុប​ចំនួន១៥​ជា​សេនាធិការ ហើយដែលនាយកដ្ឋានទាំង៩ នោះ រួមមាន៖

  1. នាយកដ្ឋានផែនការ រដ្ឋបាល គណនេយ្យ និង​សហប្រតិបត្តិការអន្តរជាតិ
  2. នាយកដ្ឋានដំណាំស្រូវ
  3. នាយកដ្ឋាន​សាក​វប្បកម្ម​និងដំណាំរួមផ្សំ
  4. នាយក​ដ្ឋានដំណាំឧស្សាហកម្ម
  5. នាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូត​គាម​អនាម័យ
  6. នាយក​ដ្ឋាន​គ្រប់គ្រងធនធានដីកសិកម្ម
  7. នាយកដ្ឋានវិស្វកម្មកសិកម្ម
  8. នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម
  9. នាយក​ដ្ឋានពូជដំណាំ។

បេសកកម្ម

អគ្គនាយកដ្ឋានកសិកម្ម មានបេសកកម្មដូចខាងក្រោម៖

  • លើកកម្ពស់ផលិតកម្មកសិកម្ម ដើម្បីចូលរួមចំណែកធានាសន្តិសុខនិងសុវត្ថិភាពស្បៀង
  • ផ្តល់សេវាកម្ម បច្ចេកទេសកសិកម្ម និងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផល
  • ជំរុញកំណើនផលិតភាពកសិកម្ម ពិពិធកម្ម និងកសិពាណិជ្ជូបនីយកម្ម។ 

តួនាទី ភារកិច្ច

អគ្គនាយកដ្ឋានកសិកម្ម មានភារកិច្ច ធ្វើជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារដូចតទៅ៖

  • លើកសំណើគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កម្មវិធី គម្រោង និងវិធានការអភិវឌ្ឍផលិតកម្មដំណាំ ប្រកបដោយនិរន្តរភាព ផលិតភាព និងភាពប្រកួតប្រជែង
  • ពិសោធន៍ ស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា និងសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមទាក់ទងនឹងកិច្ចអភិវឌ្ឍន៍ពិពិធភាវូបនីយកម្ម បង្កើនផលិតភាព និងកសិពាណិជ្ជបនីយកម្មផលិតកម្មដំណាំ ដើម្បីចូលរួមធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញបង្កើនការនាំចេញកសិផល
  • ជំរុញការរៀបចំនិងគាំទ្រការប្រពឹត្តទៅ ការប្រតិបត្តិនិងការអភិវឌ្ឍរបស់សហគមន៍កសិកម្ម អង្គការផលិតករកសិកម្ម និងសម្របសម្រួលរវាងប្រតិបត្តិករសារធារណៈ ឯកជន និងផលិតករកសិកម្មដើម្បីបង្កើនសមត្ថភាពស្ថាប័ន និងជំនាញបច្ចេកទេសកសិកម្ម ឱ្យក្លាយទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មជនបទ និងបង្កើនអំណាចចចារទីផ្សារ
  • ជំរុញបង្កើនផលិតភាពកសិកម្ម និងប្រាក់ចំណូលពីផលិតកម្មកសិកម្ម ដោយប្រើប្រាស់ពូជដំណាំ ធនធានដី ប្រព័ន្ធស្រោចស្រព វិធីសាស្រ្តដាំដុះ វិធានការអនាម័យនិងភូតគាមអនាម័យ ការពារដំណាំ និងគ្រឿងយន្តកសិកម្មស្របតាមក្សេត្របរិស្ថាន និងលក្ខខណ្ឌភូមិសាស្រ្តសេដ្ឋកិច្ចសង្គម
  • ផ្តល់សេវាវិភាគស្រាវជ្រាវ វាយតម្លៃគុណភាព និងសុវត្ថិភាព ដី ជី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម ស្ថានភាពសុខភាពដំណាំ ពូជគ្រប់ប្រភេទនៃដំណាំ កំណត់អត្តសញ្ញាណកម្មសមាសភាពចង្រៃ ភ្នាក់ងារជីវសាស្រ្តដែលប្រើប្រាស់ក្នុងផលិតកម្មដំណាំ និងកាកសំណល់សារធាតុគីមីនិងកាកសំណល់ជីវសាស្រ្តកសិកម្ម ដើម្បីគាំទ្រក្នុងផលិតកម្ម និងកសិពានិជ្ជូបនីយកម្មកសិកម្ម 
  • រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់នានាដែលពាក់ព័ន្ធ ដើម្បីបម្រើឱ្យការអភិវឌ្ឍអនុវិស័យដំណាំនិងផ្នែកពាក់ព័ន្ធផ្សេងៗទៀតចំណុះអគ្គនាយកដ្ឋានកសិកម្ម
  • ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ការអនុវត្តវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ប្រកបដោយប្រសិទ្ធភាពនិងភាររបរិស្ថាន ដើម្បីលើកកម្ពស់ផលិតភាព គុនភាព និងសុវត្ថិភាពស្បៀងមានដើមកំណើតពីរុក្ខជាតិ
  • តាមដាន ព្យាករណ៍សក្តានុពលហានិភ័យ និងចាត់វិធានការអន្តរាគមន៍សង្រោះ និងស្តារការខូចខាតដំណាំ ដែលបង្កដោយគ្រោះធម្មជាតិ និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃផ្សេងៗ 
  • ជំរុញកិច្ចសហការ និងអនុវត្តស្តង់ដារ គោលការណ៍ណែនាំ ពិធីសារ អនុស្សរណៈ កិច្ចព្រមព្រៀង និងបណ្តាលិខិតបទដ្ឋានកម្រិតជាតិ តំបន់ និងអន្តរជាតិ
  • តាមដាន វាយតម្លៃគុណភាពដី ការប្រើប្រាស់ដី កំណត់ប្រព័ន្ធក្សេត្របរិស្ថាន និងសេដ្ឋកិច្ចសង្គម ដើម្បីកំណត់តំបន់ដាំដុះកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។