នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៥ ក្រោមប្រធានបទ "ការចាប់យកឱកាស ដេីម្បីស្តារគុណភាពដីឡេីងវិញ" នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជាកិច្ចចាប់ផ្តេីម លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរាយការណ៍សង្ខេបអំពីស្ថានភាពការងារបង្កបង្កើនផលសម្រាប់ឆ្នាំ២០២៤ ក្នុងនោះរួមមានដំណាំស្រូវ ដំណាំសាកវប្បកម្ម និងផលិតកម្មដំណាំឧស្សាហកម្ម និងផែនការដាំដុះបង្កបង្កេីនផល។ លេីសពីនេះ លោកប្រធានមន្ទីរ បានបន្ថែមថាវិស័យកសិកម្មនៅតែជាវិស័យចំបងក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ហើយជាខេត្តមួយមានសក្តានុពលខាងវិស័យកសិកម្ម រួមមានទាំងគុណភាពដី គុណភាពទឹក ខ្យល់ ធនធានធម្មជាតិ និងជីវៈចម្រុះនានាដែលមានសារៈសំខាន់ និងមានទំនាក់ទំនងជាមួយជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សត្វ រួមទាំងលំនឹងបរិស្ថានផងដែរ។
ជាមួយគ្នានេះ លោក រស់ នឿ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងការចូលរួមក្នុងទិវាខាងលេីនេះ ដោយខេត្តប៉ៃលិន ជាខេត្តមួយមានសក្តានុពលវិស័យកសិកម្ម ហេីយព្រៃឈេីក៏ជាផ្នែកសំខាន់ជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុផងដែរ។ លោកអភិបាលរងខេត្ត បានលេីកទឹកចិត្តដល់ដៃគូនានា និងប្រជាពលរដ្ឋ ចូលរួមថែរក្សាលំនឹងបរិស្ថាន តាមរយៈការដាំឈេីស្តារឡេីងវិញ ដេីម្បីជាគម្របបៃតងទូទាំងខេត្តឱ្យមានទិដ្ឋភាពស្រស់បំព្រង។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើរគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការប្រារព្ធទិវានេះពោរពេញដោយអត្ថន័យជាប្រវត្តិសាស្ត្រ នៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តប៉ៃលិន ដែលបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមជាមួយពិភពលោក ក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុសញ្ញាព្រមទាំងលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍គ្រប់តួអង្គពាក់ព័ន្ធឱ្យបានយល់ជ្រួតជ្រាបអំពីសារៈសំខាន់របស់ដី។
ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះគុណភាពដី គឺជាបញ្ហារួមជាសាកលសម្រាប់វិស័យកសិកម្ម និងបានផ្តល់អនុសាសន៍ដល់អង្គពិធី ត្រូវអនុវត្តកសិកម្មប្រកបដោយភាពទទួលខុសត្រូវ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំផ្លាញព្រៃឈេី គុណភាពដី និងទឹក រួមទាំងប្រព័ន្ធអេកូឡូសុី។ លេីសពីនេះ ត្រូវពិចារណាក្នុងការចងក្រងសហគមន៍កសិកម្មទំនេីបក្នុងខេត្តប៉ៃលិន ដោះស្រាយបញ្ហាទីផ្សារ ផលិតតាមតម្រូវការទាំងបរិមាណ និងគុណភាព ជាពិសេសការកាត់បន្ថយថ្លៃដេីមជាប្រការសំខាន់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និងដៃគូនានា បន្តគាំទ្រផ្នែកបច្ចេកទេស ដោយអនុវត្តកសិកម្មរក្សាបាននូវស្ថេរភាពគុណភាពដី ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយផ្សព្វផ្សាយព័ត៌មាន និងបុព្វហេតុទាំងអស់នេះឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕