បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលជាខេត្តចុងក្រោយនៃដំណេីរទស្សនកិច្ចការងារវគ្គនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានលេីកឡេីងប្រាប់ប្អូនៗអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលេីការធានាសន្តិសុខស្បៀង ការលេីកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន "មានហូប មានប្រេី មានបាន និងមានរហូត" ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រេីនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលកំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេសលេីបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនេីប ដោយសម្រេចបានលទ្ធផលល្អប្រសេីរជាបន្តបន្ទាប់ក្នុងការលេីកស្ទួយជីវភាពប្រជាកសិករ។
ជាមួយគ្នានេះ ឯកឧត្តមបានលេីកទឹកចិត្តឱ្យប្អូនៗមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដេីម្បីប្រសិទ្ធភាពការងារ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដេីម្បីទទួលបានការគាំទ្រ និងទំនុកចិត្តកាន់តែច្រេីនថែមទៀតដែលអាចបេីកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត នាពេលអនាគត។
គិតត្រឹមពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួនជាង ២០០នាក់ ក្នុងខេត្តចំនួន៤ គឺកំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងសៀមរាប៕