នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកអនុប្រធានមន្ទីរ លោកអធិការរងរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីសង្កាត់រដ្ឋបាលជលផល សហគមន៍នេសាទផាត់សណ្តាយ និងកងកម្លាំង៣អង្គភាពពីយោធភូមិភាគ៥ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ធំតំណាងឱ្យយោធភូមិភាគ៤ កម្លាំងទីបញ្ជាការស្រាលនិងលោកប្រធានក្រុមប្រឹក្សាឃុំ សរុបអ្នកចូលរួម២៤នាក់ ធ្វើនៅស្នាក់រដ្ឋបាលជលផលក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ដែលបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហការជាមួយកម្លាំងចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលរបស់យើងឱ្យកាន់សម្បូរណ៍ថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះ។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឆ្នាំនេះ ត្រីមានការសម្បូរណ៍ ឯទឹកទន្លេក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូល ទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស។ យ៉ាងណាមិញ ឯកឧត្តមតែងតែពិនិត្យតាមរយៈរបាយការណ៍សកម្មភាពប្រចាំថ្ងៃហើយបានកោតសរសើរចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។
ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕