នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានអញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីក្រុមការងារ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ឱ្យរដ្ឋបាលក្រុង-ស្រុកទាំងអស់ចុះស្រង់ស្ថិតិ និងជួយរៀបចំឯកសារពាក់ព័ន្ធដើម្បីកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឱ្យខេត្តបន្ទាយមានជ័យក្លាយជាខេត្តនាំមុខគេលើការងារផ្តល់សេវាសាធារណៈ។
អនុវត្តតាមអនុសាសន៍នេះ រដ្ឋបាលស្រុកព្រះនេត្រព្រះបានបង្កើតក្រុមការងារចំនួន ២ក្រុម ចុះអនុវត្តការងារនេះយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ពោលគឺសម្រេចបានប្រមាណ ៩០%នៃចំនួនប្រជាពលរដ្ឋដែលត្រូវកែតម្រូវឯកសារ។
ឯកឧត្តម សុខ វិសាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់រដ្ឋបាលស្រុក និងមន្រ្តីពាក់ព័ន្ធ និងបានផ្តល់ម៉ាស៊ីនព្រីនចំនួន ២គ្រឿង និងថវិកាមួយចំនួន ដើម្បីជំរុញបញ្ចប់ការងារនេះ នៅត្រឹមដំណាច់ខែមិថុនាខាងមុខ តាមផែនការគ្រោងទុក៕