នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្ត្រីជំនាញ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពគ្រោះជំនន់ដោយសារទឹកភ្លៀង ដែលទទួលរងផលប៉ះពាល់លើដំណាំស្រូវ នៅស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងនោះផ្ទៃដីដែលទទួលរងផលប៉ះពាល់ភូមិចំនួន២ គឺភូមិពោធិ៍រោង ប៉ះពាល់ដំណាំស្រូវចំនួន៥៥ ហិកតា និងភូមិត្រពាំងស្រង់ លិចផ្ទៃដីដំាដុះចំនួន ៣០ហិកតា ស្មើចំនួន៤៧គ្រួសារ។ ជាមួយគ្នានោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរមូលដ្ឋានបានសម្របសម្រួលបើករំដោះទឹកចេញ ពីអាងស្តុកទឹក ដើម្បីសង្គ្រោះស្រូវដែលរងការលិចលង់ចំនួនប្រមាណ ៨៥ហិកតា។
នាដំណើរបេសកកម្មនោះ ឯកឧត្តមតូច ប៊ុនហួរ បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមបង្ការគ្រោះមហន្តរាយដើម្បីឆ្លើយតបរហ័សទៅនឹងគ្រោះមហន្តរាយឱ្យទាន់ពេលវេលា។ ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីស្ថានភាពអាកាសធាតុ ជាពិសេសនាដើមរដូវវស្សាឆ្នាំ២០២៥នេះ មានភ្លៀងធ្លាក់មកមុនពេលវេលានិងច្រើនខុសពីធម្មតា ជាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះមានខេត្តចំនួន៥ ដែលកំពុងទទួលរងផលប៉ះពាល់គ្រោះជំនន់ដោយសារទឹកភ្លៀង រួមមាន៖ ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ៕