នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេដើម្បីពង្រឹង បង្កើនប្រសិទ្ធភាពការងារអភិរក្សសត្វផ្សោតតំបន់កាំពី។ កិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ដំណើរបេសកកម្មមានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណជាង៥០នាក់។
នាឱកាសសំណេះសំណាល លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់ឆ្មាំទន្លេទាំងអស់ ដែលបានបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ។ លោកជំទាវ បានផ្តល់ឱកាសដល់បងប្អូនឆ្មាំអ្នកចូលរួមឱ្យលើកឡើងពីបញ្ហាប្រឈមនៅក្នុងការអនុវត្តការងារ ដើម្បីរួមគ្នាដោះស្រាយ។ លោកជំទាវ បានបន្តលើកទឹកចិត្តដល់មន្រ្តីឆ្មាំត្រូវធ្វើការដោយស្មោះត្រង់ មានឆន្ទៈខ្ពស់ ទើបអាចសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ។
ទន្ទឹមគ្នានេះ លោកជំទាវបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ចុះបង្ក្រាប បង្ការ និងទប់ស្កាត់បទល្មើសនេសាទ នៅតំបន់អភិរក្សសត្វផ្សោត នាពេលសព្វថ្ងៃ ដើម្បីធានាបាននូវនិរន្ដរភាពធនធានជលផល ការពារអាយុជីវិតសត្វផ្សោត ធ្វើឱ្យចំនួនសត្វផ្សោតមានការកើនឡើង កាត់បន្ថយអត្រាស្លាប់។ ជាក់ស្តែង ៥ខែ ដើមឆ្នាំ២០២៥នេះ កូនផ្សោតកើតថ្មីមាន៧ក្បាល និងពុំទាន់មានផ្សោតស្លាប់នៅឡើយទេ ដែលធ្វើឱ្យចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនរហូតដល់ ១១១ក្បាល។
ជាចុងបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានរំឭកដល់ឆ្មាំទន្លេទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ការពារសុវត្ថិភាពខ្លួន ក្នុងពេលចុះល្បាតនារដូវវស្សា ដោយសារមានភ្លៀង ខ្យល់អាចកើតឡើងជាយថាហេតុ៕