នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារពិនិត្យមើលការកែច្នៃគ្រាប់ស្វាយចន្ទីនៅសិប្បកម្ម ឈ្មោះ ភូមិចន្ទី របស់លោកផល ភារម្យ (លក្ខណៈគ្រួសារ) ស្ថិតនៅភូមិប្រិយ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី និងចុះពិនិត្យស្ថានភាពដាំដុះដំណាំឧស្សាហកម្មនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សុភណ្ឌធារី ពាណិជ្ជ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងដំណើរចុះពិនិត្យនេះ ម្ចាស់សិប្បកម្មបានជម្រាបជូន ក្រុមការងារ អំពីលទ្ធភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទី ដូចជា ទី១.ការហាលសម្ងួត ២.រក្សាទុក១៥ថ្ងៃ ៣.ធ្វើចំណាត់ថ្នាក់គ្រាប់ធំ-តូច ៤.កម្ដៅ ៥.បកសម្បក ៦.លីង និង៧.វេចខ្ចប់បិទស្លាកសញ្ញា របស់សិប្បកម្មដែលអាចធ្វើបានក្នុងទំហំ ១០តោនគ្រាប់ស្រស់ក្នុងមួយថ្ងៃ និងទទួលបានសាច់គ្រាប់ស្វាយចន្ទីចំនួន ២តោន។
ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារ បានបន្តដំណើរទៅពិនិត្យមើលការដាំដុះស្វាយចន្ទីនៅចំការលោក ឌិន កែវ និងលោកស្រី ថាប់ មុំ ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ដែលចំការចន្ទីនេះ បានដាំដុះអស់រយៈពេល៨ឆ្នាំ លើផ្ទៃដីប្រមាណ៣០ហិកតា។ ចំការចន្ទីនេះ ចាប់ប្រមូលផលពីឆ្នាំទី៣បណ្តើរៗ ហើយមកដល់បច្ចុប្បន្នស្វាយចន្ទីនេះប្រមូលបានជាង៣០តោន។
ក្នុងដំណើរនេះ ឯកឧត្តម និងក្រុមការងារ បានបន្តទៅពិនិត្យលើស្ថានភាពដាំដុះដំណាំឧស្សាហកម្មនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សុភណ្ឌធារី ពាណិជ្ជ ស្ថិតក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ កាលពីឆ្នាំ២០០៦ ក្រុមហ៊ុននេះ បានដាំដុះដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ចចំនួន ៥០៤៩ហិកតា ប៉ុន្តែមកដល់បច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធកាន់កាប់លើដីសម្បទានមានចំនួន១១៣៥ហិកតា ដែលនៅក្នុងទំហំផ្ទៃដីនេះមានផ្ទៃដីប្រហែល២០០ហិកតា ជាប្រភេទដីល្បាយគ្រួស ទទួលបានទិន្នផលទាប។ ក្រោយមកនៅឆ្នាំ២០១២ ក្រុមហ៊ុនបានផ្លាស់ប្តូរដាំដំណាំស្វាយចន្ទីវិញ ដោយបច្ចុប្បន្នក្រុមហ៊ុនដាំបានចំនួន១៣៤ ០០០ដើម និងទទួលបានបរិមាណផលស្ងួតចំនួន ៦០០០តោន និងលក់ផលស្ងួតទៅឱ្យក្រុមហ៊ុនវៀតណាមក្នុង១តោន តម្លៃ១៧០០០ដុល្លារ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានកោតសសើរ និងសម្តែងការរីករាយ ចំពោះការខំប្រឹងប្រែងរបស់ម្ចាស់សិប្បកម្ម និងក្រុមហ៊ុន ដែលបានរួមចំណែកក្នុងការជួយដល់កសិករដាំដុះដំណាំនេះឱ្យរក្សាថ្លៃបានល្អជាងមុន ទទួលបានផលចំណេញ និងបានណែនាំឱ្យក្រុមហ៊ុន និងម្ចាស់សិប្បកម្ម រៀបចំផែនការអាជីវកម្មឱ្យបានច្បាស់លាស់។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ត្រីជំនាញសូមអនុវត្តតាម និងផ្សព្វផ្សាយរាល់សេចក្តីណែនាំ និងគោលនយោបាយរបស់សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសូមឱ្យសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសចុះជាប់ជាមួយប្រជាកសិករ សិប្បករ និងដៃគូរពាក់ព័ន្ធផ្សេងៗ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ចំពោះការងារអភិវឌ្ឍន៍ ការដាំដុះ ការកែច្នៃ និងការរកទីផ្សារ ដើម្បីគាំទ្រផលិតកម្មដំណាំឧស្សាហកម្ម នៅខេត្តសៀមរាប ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕