នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ រួមមាន ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី កាំង ឃីម អនុប្រធានរដ្ឋបាលជលផល ព្រមទាំងសហការី លោក Koen Everaert អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃសហភាពអឺរ៉ុប ចុះទស្សនកិច្ចលើគម្រោង “បង្កើត បរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប” (EU-CAPFISH GREEN ឬហៅកាត់ថា ហ្គ្រីន) ដែលផ្តល់ជំនួយពីសហភាពអឺរ៉ុប។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គម្រោងនេះ ជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) និងបានដឹកនាំអនុវត្តដោយអង្គការ Save the Children ក្នុងភាពជាដៃគូជាមួយ អង្គការ iDE អង្គការ VSO ក្រុមហ៊ុន TapEffect ក្រុមហ៊ុន Hydrologic ក្រុមហ៊ុន Wetlands Work និងសកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គម និងភាពសុំានឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍នេសាទដែលងាយរងគ្រោះនៅបឹងទន្លេសាប តាមរយៈការបង្កើនលទ្ធភាពទទួលបានអនាម័យទឹកស្អាត ការគ្រប់គ្រងកាកសំណល់រឹងសេដ្ឋកិច្ចបៃតង និងការអប់រំ។
ជាមួយគ្នានេះ គណៈប្រតិភូបានចុះជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទស្សនាកសិករចិញ្ចឹមត្រី អ្នកប្រើប្រាស់បង្គន់អនាម័យបណ្តែតទឹកសុវត្ថិភាព កសិករភ្ញាស់អន្ទង់ និងប្រព័ន្ធទឹកស្អាតដែលទើប តម្លើងថ្មីនៅសាលាបឋមសិក្សាព្រះនរោត្តមសីហមុនី គាំទ្រដោយគម្រោង EU-CAPFISH GREEN ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សមិទ្ធិផលជារួមសំខាន់ៗរបស់គម្រោងរួមមាន ការ ដំឡើងបង្គន់អនាម័យចំនួន២៨៩២ សម្រាប់ប្រជាជនចំនួន១៤៤៦០គ្រួសារ ការពង្រឹងសមត្ថភាពដល់សហគ្រិនផ្គត់ផ្គង់បង្គន់ចំនួន២១នាក់ ការបង្កើតប្រព័ន្ធប្រមូលដបប្លាស្ទិកនៅតាមសាលារៀនចំនួន៤០កន្លែង ដោយប្រមូលបានដបប្លាស្ទិកចំនួន៤០១៥គីឡូក្រាម ការបណ្តុះបណ្តាល និងពង្រឹងមុខរបររបស់សមាជិកសហគន៍នេសាទចំនួន១៦៨៣នាក់ អំពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព រួមទាំងការចិញ្ចឹមត្រី អន្ទង់ និងកង្កែប ការផ្តល់មូលនិធិ និងបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងអាជីវកម្មបៃតងក្រៅពីនេសាទចំនួន៥៨អាជីវករ។ បន្ថែមពីនះ ក៏មានការគាំទ្រ ការអប់រំនៅសាលាបឋមសិក្សាចំនួន២០ នាំឱ្យអត្រាបញ្ចប់ថ្នាក់បឋមសិក្សាសម្រេចបាន ៧៩.៩% លើពីគោលដៅ ៧០% ព្រមទាំងកសាងសមត្ថភាពគ្រូមត្តេយ្យសហគមន៍អំពីបច្ចេកទេសមត្តេយ្យសិក្សា និងការចិញ្ចឹមកូនបែបវិជ្ជមាន។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានផ្តល់ជាអនុសាសន៍ថា អង្គការ Save the Children ត្រូវបន្តគាំទ្រសាលារៀននៅតំបន់សហគមន៍នេសាទផាត់សណ្តាយ (ភូមិបណ្តែតទឹក) ដាក់របារបន្ថយល្បឿនទូក និងសំលេងដែលរំខានដល់ការសិក្សារបស់សិស្ស ហើយអង្គការដៃគូទាំងអស់បន្តគាំទ្រផ្នែក អនាម័យ បរិស្ថាន និងការគ្រប់គ្រងកាកសំណល់រឹងលើកកម្ពស់ជីវភាពបៃតង តាមរយៈការបង្កើតមុខរបរបន្ថែម ឬប្តូរមុខរបរពីការនេសាទ ទៅជាប្រកបរបរវារីវប្បកម្ម ដាំបន្លែ មុខរបរផ្សេងទៀត ព្រមទាំងការភ្ជាប់ទីផ្សារ ហើយបានត្រូវជំរុញគោលដៅទេសចរណ៍ជលផលធម្មជាតិ ដោយគាំទ្រឱ្យគ្រួសារទាំងអស់ប្រើប្រាស់បង្គន់អនាម័យ រៀបចំទូកធ្វើដំណើរមានសុវត្ថិភាព និងការផ្គត់ផ្គង់ម្ហូមអាហារមានអនាម័យ។ ទន្ទឹមនឹងនេះអង្គការ Save the Children បន្តជំរុញគ្រួសារឱ្យប្រើប្រាស់បង្គន់អនាម័យមានសុវត្ថិភាព គាំទ្រពង្រីកអ្នកប្រកបមុខរបរបៃតង និងពង្រឹងសមត្ថភាពគ្រូបង្រៀន លើកទឹកចិត្តសិស្សានុសិស្សបន្តការសិក្សាឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ពលកម្មកុមារពីការនេសាទ៕