ពីទីក្រុងវូហាន ប្រទេសចិន លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងដឹកនាំមន្ដ្រីជំនាញចំនួន ១៨រូប មកពីប្រទេសចំនួន៥ រួមមានកម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ដើម្បីធ្វើទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទឹកសាប នៅទីក្រុងវូហាន ប្រទេសចិន។ ដំណើរទស្សនកិច្ចរយៈពេលពេញមួយសប្ដាហ៍នេះ ធ្វើឡើងតាមការអញ្ជើញពីវិទ្យាស្ថានវារីសាស្ត្រ (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច លោកជំទាវនិងគណៈប្រតិភូបានអញ្ជើញទៅកាន់វិទ្យាស្ថាន IHB ដែលបាននិងកំពុងរួមចំណែកដើរតួយ៉ាងសំខាន់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប Finless Porpoise នៅទន្លេយ៉ាងហ្សេ ឱ្យមានចំនួនកើនឡើងវិញប្រកបដោយស្ថិរភាព។
ថ្លែងទៅកាន់លោកបណ្ឌិត Xie Shouqi អគ្គនាយករងនៃវិទ្យាស្ថាន IHB លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន IHB ដែលបានទទួលស្វាគមន៍គណៈប្រតិភូនៃកម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា យ៉ាងកក់ក្ដៅ និងបានចែករំលែកបទពិសោធនៃការងារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រដែលបានសន្សំទុកអស់រយៈពេល ៩៥ឆ្នាំ ដោយឥតលាក់លាម ដើម្បីគាំទ្រដល់ការអភិរក្សសត្វផ្សោតទឹកសាបទន្លេមេគង្គ ដែលជាសត្វដ៏កម្រ និងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
លោកជំទាវមានជំនឿថា គណៈប្រតិភូដែលជាមន្ដ្រីអភិរក្សជលផលទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីយកទៅកែច្នៃនិងពង្រឹងការងារគ្រប់គ្រងនិងអភិរក្សសត្វផ្សោតទឹកសាប នៅក្នុងប្រទេសរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងមាននិរន្ដរភាពពិតប្រាកដ៕