នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ និងថ្នាក់ដឹកនាំជំនាញ ដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើ«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសប្បនិមិ្មត » កិច្ចប្រជុំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសប្បនិមិ្មតដែលមានមូលដ្ឋានគ្រឹះសំខាន់ចំនួន៣រួមមាន៖ ១. ពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ២. បង្កើនទិន្នន័យដើម្បីជំរុញនវានុវត្តន៍ និងទី៣. កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ទន្ទឹងនឹងនោះ កិច្ចប្រជុំក៏បានលើកដោយរំលេចអំពីសារៈសំខាន់នៃបញ្ញាសប្បនិមិ្មត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងយុគសម័យឌីជីថលផងដែរក្នុងនោះផ្តោតទៅលើ៖ ការត្រួតពិនិត្យដំណាំដោយប្រើប្រាស់ដ្រូន និងសេនស័រ ការវិភាគការព្យាករណ៍ការដាំដុះ ទិន្នន័យ ការចាប់បានសញ្ញាដំបូងនៃការឆ្លងសត្វចង្រៃឬជំងឺដំណាំ និងការផ្តល់ព័ត៌មានគ្រោះមហន្តរាយ។
ជាមួយគ្នានោះដែរមានចំណុចផ្សេងៗទៀតដូចជា៖ បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ ការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មកសិកម្មដោយប្រើប្រាស់បញ្ញាសប្បនិម្មិត ឬ Blockchain ការរៀបចំឆាតបូតបញ្ញាសប្បនិម្មិតក្នុងវិស័យកសិកម្ម។ការបន្ថែមកម្មវិធីសិក្សាបញ្ញាសប្បនិម្មិត ឬបញ្ញាសប្បនិម្មិតក្នុងវិស័យកសិកម្មសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំង៣ ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕