នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នុត ច័ន្ទសុខា និង ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានជួបសំណេះសំណាល ផ្តល់អនុសាសន៍ តម្រង់ទិសការងារ ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តកែប។ក្នុងនោះមានការចូលរួម ពីលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះមន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ សរុបប្រមាណ៤០នាក់។
នៅក្នុងកិច្ចសំណេះសំណាល ឯកឧត្តមគណៈអធិបតី បានផ្សព្វផ្សាយគោលនយោបាយអាទិភាពវិស័យកសិកម្មដល់មន្រ្តី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប។ ទន្ទឹមនឹងនោះឯកឧត្តមគណៈអធិបតីក៏បានណែនាំដល់មន្ត្រីកសិកម្មឃុំ សហការជាមួយមន្ទីរកសិកម្មខេត្ត រៀបចំផែនការប្រែក្លាយខេត្តនេះឱ្យក្លាយជាតំបន់កសិទេសចរណ៍ដ៏មានសក្តានុពល។
សូមបញ្ជាក់ថា ខេត្តកែបជាខេត្តមួយមានសក្តានុពលទេសចរណ៍ នេសាទ និងផលិតកម្មដំណាំមួយចំនួនមានដូចជា៖ ដំណាំម្រេច ស្វាយ ដំឡូងជ្វា ស្រូវ និងបន្លែ។ ក្រៅពីនោះខេត្តកែប មានសក្កានុពលជលផលសមុទ្រ ក្តាមសេះ ដែលការងារទាំងនេះត្រូវមានការចូលរួមជំរុញ សម្របសម្រួលពីមន្ត្រីកសិកម្មឃុំ និងភាគីពាក់ព័ន្ធ ដើម្បីផ្សារភ្ជាប់ជាមួយទីផ្សារទេសចរណ៍ផងដែរ៕