នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ អភិបាលរងស្រុកក្រូចឆ្មារ លោក វ៉ែន ឈុនហួត សហគមន៍នេសាទសំបុកសត្វសែនជ័យ ឃុំទួលស្នួល សហគមន៍នេសាទបឹងចំណារ ឃុំព្រែកអាជី សហគមន៍នេសាទបឹងរាំង ឃុំទ្រា កងកម្លាំងយោធាប្រចាំការការពារព្រៃលិចទឹក នៅចំណុចដើមសណ្តាន់ និងជ្រោយទន្លា បានចុះល្បាត ត្រួតពិនិត្យស្ថានភាពព្រៃលិចទឹក និងបោះស្លាកសញ្ញាហាមឃាត់នៅទីតាំងដីព្រៃលិចទឹកដែលត្រូវបានលួចឈូសឆាយខុសច្បាប់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់សរុបចំនួន៣ទីតាំង។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ទីតាំងចំនួនបីដែលក្រុមការងារចម្រុះបានកសាងសំណុំរឿងទៅតុលាការរួមមាន ទី១.ចំណុចពស់អំបែង ឃុំទួលស្នួល ទី២.ចំណុចហូតអន្ទង់ ឃុំទួលស្នួល និងទី៣.នៅចំណុចបឹងអណ្ដាស់ ឃុំទ្រា។
ឆ្លៀតពេលនោះដែរ ដោយមានការអនុញ្ញាតពីឯកឧត្តមប្រធានក្រុមការងារ និងលោកប្រធានមន្ទីរ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពង់ឈរជើងការពារព្រៃលិចទឹកនៅក្នុងស្រុកក្រូចឆ្មារ ដើម្បីឱ្យបានយល់ដឹងកាន់តែទូលំទូលាយពីសារៈសំខាន់ព្រៃលិចទឹកនិងផលវិបាកនៃការបាត់បង់ព្រៃលិចទឹក ចំណាត់ការច្បាប់លើទីតាំងដីដែលបានបោះស្លាកសញ្ញាហាមឃាត់ ចំណាត់ការច្បាប់ចំពោះការធ្វើឱ្យខូចខាតស្លាកសញ្ញា និងស្នើសុំកិច្ចសហការបន្តចុះល្បាត ស្រាវជ្រាវលើទីតាំងដីព្រៃលិចទឹកដែលត្រូវការពារ ព្រមទាំងស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានយល់ដឹង ដើម្បីចូលរួមថែរក្សាការពារព្រៃទឹកឱ្យបានកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ទីតាំងព្រៃលិចទឹកដែលរងការទន្ទ្រាននៅចំណុចពោះអំបែងនិងចំណុច ហូតអន្ទង់ កាលពីអំឡុងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ មានព្រៃលិចទឹកចាប់ផ្ដើមដុះឡើងវិញផងដែរ៕