នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រីប្រាស់ និងជួញដូរគ្រឿងញៀន ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងលើសទិសដៅអនុវត្តការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួងទាំងអស់។
ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ និងថ្នាក់ដឹកនាំគ្រប់អង្គភាព ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយយ៉ាងសកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ និង App No Drug ដល់មន្រ្តីរាជការ និងនិស្សិតក្រោមឱវាទទាំងអស់ ក្នុងកិច្ចប្រជុំប្រចាំខែ និងប្រចាំត្រីមាសរបស់អង្គភាព ព្រមទាំងចូលរួមសកម្មភាពធ្វើតេស្តទឹកមូត្ររកសារធាតុញៀនជាបន្តបន្ទាប់នាពេលកន្លងមក។ ជាងនេះទៀត ថ្នាក់ដឹកនាំអង្គភាពនានាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តផ្សព្វផ្សាយខ្លឹមសារនេះ ដល់មូលដ្ឋាន និងសហគមន៍ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជួយគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារ និងថ្នាក់ដឹកនាំអង្គភាពទាំងអស់ឱ្យបន្តចូលរួមអនុវត្តសកម្មភាពដ៏ល្អនេះឱ្យបានជាប់ជាប្រចាំ ស្របតាមអនុសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានណែនាំឱ្យក្រុមការងារបន្តអនុវត្តការធ្វើតេស្តទឹកមូត្ររកសារធាតុញៀនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីធានាថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់របស់ក្រសួងមិនមានផ្ទុកសារធាតុញៀន និងមិនពាក់ព័ន្ធនឹងគ្រឿងញៀន៕