នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកបណ្ឌិត Park Chongho នាយកប្រតិបត្តិនៃអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៤សំខាន់ រួមមាន៖ ១.ការពិភាក្សាទៅលេីគម្រោងរេដបូក(REDD+) សំដៅចូលរួមការពារ និងអភិរក្សព្រៃឈើ ២.គម្រោងការទាញយកឥណទានកាបូនពីការធ្វើកសិ-រុក្ខកម្ម ៣.គម្រោងការដាំស្តារព្រៃឈើ និង៤.គម្រោងផ្តល់ជំនួយគាំទ្រផ្សេងៗសម្រាប់ជួយលើការស្រាវជ្រាវក្នុងអនុវិស័យព្រៃឈើ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និងអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី ទាំងគម្រោងបានបញ្ចប់នាពេលកន្លងមក និងគម្រោងស្ថិតក្នុងការអនុវត្តន៍នាពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តអោយមានការគាំទ្រចំពោះគម្រោងថ្មីៗបន្ថែមទៀតរបស់អង្គការ AFoCO ដែលផ្តោតទៅលើអនុវិស័យព្រៃឈើក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីជាមួយគ្នា សំដៅរៀបចំ និងអនុវត្តឥណទានកាបូនពីព្រៃឈើ ការដាំស្តារព្រៃឈើក្នុងប្រទេសកម្ពុជា និងការគ្រប់គ្រងបង្ការបញ្ហាភ្លើងឆេះព្រៃជាដើម ដើម្បីថែរក្សាព្រៃឱ្យបានល្អ និងមាននិរន្តរភាពយូរអង្វែង៕