កម្លាំងចម្រុះខេត្តស្ទឹងត្រែង កៀងនិងព្រលែងសត្វទន្សោង ១៦ក្បាលនៅជម្រកសត្វព្រៃសៀងប៉ាង
ចេញផ្សាយ ១៩ ឧសភា ២០២៥
851
ក្នុងប្រតិបត្តិការមួយ កាលពីថ្ងៃទី១៣ ដល់ ១៥ ឧសភា ក្រុមការងារចម្រុះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលខេត្ត-ស្រុក បានកៀងចាប់សត្វទន្សោងចំនួន ១៦ក្បាល និងយកទៅព្រលែងនៅដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសុវត្ថិភាព។
កាលពីដើមឆ្នាំ២០២៤ ហ្វូងសត្វទន្សោងនេះ បានបន្លាស់ទីចេញពីដែនជម្រកសត្វព្រៃសៀមប៉ាង ចូលមកជិតភូមិដ្ឋានប្រជាពលរដ្ឋ។ ដោយមើលឃើញការគំរាមកំហែងពីការប្រមាញ់ដោយជនខិលខូច ក្រុមការងារនេះត្រូវបានបង្កើតឡើង ដើម្បីល្បាតការពារ និងរៀបចំប្រតិបត្តិការជម្លៀសទៅជម្រកសត្វវិញ ដោយមានកិច្ចសហការពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក។ ក្រោយពីទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ក្រុមការងារនឹងបន្តប្រតិបត្តិការកៀងសត្វទន្សោងនៅសេសសល់។
សត្វទន្សោងគឺជាពូជគោព្រៃដ៏ស្រស់ស្អាតមួយ ហើយត្រូវបានគេចាត់ទុកជាបុព្វបុរសរបស់ពូជគោស្រុកប្រចាំតំបន់អាស៊ីអាគ្នេយ៍។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ បានប្តេជ្ញាចិត្តបន្តការការពារធនធានសត្វព្រៃនៅកម្ពុជា ដូចជាសត្វទន្សោង ឱ្យមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ៕