ពិធីចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ រវាងសហគមន៍កសិកម្មទំនើបចំនួន២នៅខេត្តកំពង់ធំ ជាមួយក្រុមខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន BRM AGRO CO.,LTD ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចសន្យាផលិតកម្មកសិកម្មដែលគិតជាប្រាក់ប្រមាណ៤,៥លានដុល្លារនេះ ធ្វើឡើងក្នុងគោលបំណងផ្គត់ផ្គង់ និងទិញលក់ស្រូវចម្រុះចំនួន ១៨៥០០តោន នៅលើផ្ទៃដីទំហំ ៣២០០ហិកតា រវាងសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក និងសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ជាមួយក្រុមហ៊ុន ខ្មែរ ហ្វ៊ូតគ្រុប និងក្រុមហ៊ុន BRM AGRO CO.,LTD។ រយៈពេលផលិតកម្មនៃកិច្ចសន្យាគិតចាប់ពីខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២៥ សម្រាប់ពូជស្រូវ៤ប្រភេទគឺ ស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល ស្រូវអូអឹម៥៤៥១ និងស្រូវអូអឹម៤៩០០។ លក្ខខណ្ឌថ្លៃត្រូវបានរៀបចំឡើងក្រោមរូបភាពថ្លៃថេរផង និងថ្លៃប្រែប្រួលទៅតាមទីផ្សារជាក់ស្តែង តែមានការធានាក្នុងកម្រិតអប្បបរិមាផងដែរ៕