នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីដំណើរការផលិតជីគីមី និងជីសរីរាង្គ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពជំនាញ ត្រូវគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារបច្ចេកទេស ដោយសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីប្រទេសឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដេីមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់។
លេីសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី លេីកទឹកចិត្តក្នុងការសិក្សាការប្រេីប្រាស់ជីគីមី ជីសរីរាង្គ និងជីជីវសាស្រ្ត តាមរយៈការប្រមូលទិន្នន័យប្រៀបធៀបការប្រេីប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងសិក្សាពិនិត្យមើលឃ្លាំងស្តុកជីថ្នាំកសិកម្ម ដែលអាចបង្កហានិភ័យខ្ពស់ផងដែរ៕