នៅថ្ងៃទី២៩ -៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តន៍កសិកម្ម វៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ ខេត្តតាកែវ។
វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេក សំអុន ប្រធានការិយាល័យតំបន់ឆ្នេរ មន្រ្តីការិយាល័យផ្សព្វផ្សាយ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក សួស សុខា ប្រធានគម្រោងសន្តិសុខស្បៀង និង អាហារូបត្ថម្ភ របស់អង្គការហេឡែន ខេលល័រ អន្តរជាតិកម្ពុជា និងមន្រ្តីកសិកម្មឃុំ សរុបអ្នកចូលរួម៩០រូប (ស្រ្តី៣៩រូប)។
នៅក្នុងអង្គពិធីបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកដល់មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវខិតខំពង្រឹងចំណេះដឹង ដើម្បីជួយដល់កសិករនៅតាមឃុំគោលដៅរបស់ខ្លួន លើកកម្ពស់ផលិតភាព គុណភាព សម្របសម្រួលជួយបច្ចេកទេស និងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានណែនាំមន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវជួយកសិករឱ្យចេះរៀបចំសួនបន្លែលក្ខណៈគ្រួសារ ឱ្យបានគ្រប់គ្រួសារ ដើម្បីកាត់បន្ថយការចំណាយ និងអាហារូបត្ថម្ភផងដែរ។ ជាងនេះទៅទៀត មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវរៀបចំឱ្យបាននូវស្រែ និងចម្ការបង្ហាញ នៅតាមឃុំរបស់ខ្លួន ដើម្បីបង្ហាញដល់កសិករ ក្នុងនាមជាអ្នកផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីមូលនិធិរបស់ The Church of Jesus Christ of Latter-day Saints នៃសហរដ្ឋអាមេរិក សម្រាប់គម្រោង « ផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ » ដែលមានអង្គការ Helen Keller International, iDE and VA ជាអ្នកអនុវត្តគម្រោង៕