នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ "ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ" នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរក្រុមការងារ ស.ស.យ.ក វិស័យកសិកម្ម ដឹកនាំដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ដែលបានរៀបចំកម្មវិធីផ្តល់ឈាមចំនួន៤លើក រៀងរាល់៦ខែម្តង ដោយមានការចូលរួមបរិច្ចាគឈាមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើននាក់។
ឯកឧត្តម ក៏បានកោតសរសើរកិច្ចសហការល្អរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានបង្កលក្ខណ:ងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ក្នុងការចូលរួមបរិច្ចាគឈាមយ៉ាងទៀតទាត់ និងឆ្លើយតបបានទាន់ពេលវេលា នៅពេលក្រសួងមានតម្រូវការឈាមត្រឡប់មកវិញ។ ជាក់ស្តែង ក្រសួងបានទទួលឈាមចំនួន ១៥០ប្លោកជាបន្តបន្ទាប់ ដើម្បីជួយដល់មន្ត្រី និងក្រុមគ្រួសារចំនួន ៣៩នាក់ ដែលមានតម្រូវការឈាម នាពេលកន្លងមក។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់អ្នកចូលរួមបរិច្ចាគឈាមនាពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ឈាមកាន់តែច្រើន និងទូលំទូលាយថែមទៀតដែលជាកាយវិការមនុស្សធម៌ដ៏ល្អថ្លៃថ្លា ដើម្បីជួយដល់មន្ត្រី ក្រុមគ្រួសារ និងសង្គមជាតិ៕