នៅថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ និងមន្រ្តីកសិកម្មឃុំ ចុះទៅពិនិត្យការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលពីសហគមន៍ ក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្ដមបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស ស្តីពីកិច្ចសន្ទនាក្នុងការធ្វើផែនការតភ្ជាប់ទីផ្សាររវាងអ្នកផ្គត់ផ្គង់និងក្រុមផលិតបន្លែ សម្រាប់កម្មវិធីផ្តល់អាហារតាមសាលារៀន។ កិច្ចសន្យាផលិតនិងផ្គត់ផ្គង់ចំនួន១៧ គ្របដណ្ដប់សាលារៀនចំនួន១២៥ រវាងក្រុមកសិករ ផលិតនិងសហគមន៍ ជាមួយនឹងអ្នកផ្គត់ផ្គង់ត្រូវបានរៀបចំនិងចុះហត្ថលេខា ដើម្បីធានានូវការផ្គត់ផ្គង់យ៉ាងហោចណាស់ ៧០% នៃកសិផលសម្រាប់អាហារតាមសាលារៀន មានប្រភពពីក្នុងសហគមន៍ផ្ទាល់។
ក្រៅពីនោះ ឯកឧត្តមនិងក្រុមការងារ ក៏បានចុះពិនិត្យ តាមដាន និងលើកទឹកចិត្តដល់កសិករ នៅភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលដាំដុះដំណាំវិលជុំសម្រាប់ផ្គត់ផ្គង់ទៅសាលារៀនផង និងទៅទីផ្សារក្នុងសហគមន៍ផង ដែលមានដូចជាសណ្ដែកកួរ ត្រសក់ ត្រកួន ត្រប់ និងបន្លែរួមផ្សំជាច្រើនមុខទៀត។ តាមការអង្កេត សាកសួរ និងពិនិត្យ កសិករភាគច្រើនមិនទាន់បានចងក្រងជាក្រុមផលិតច្បាស់លាស់នៅឡើយទេ ហើយអ្នកផ្គត់ផ្គង់ទៀតសោតក៏មិនមែនជាសមាជិកសហគមន៍ផលិតច្បាស់លាស់ដែរ។ ទាំងនេះបានបង្កើតជាកង្វល់សម្រាប់ភាពទៀងទាត់នៃការផ្គត់ផ្គង់ និងសុវត្ថិភាពចំណីអាហារសម្រាប់កុមារ។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ការផ្គត់ផ្គង់បន្លែទៅសាលារៀនគួរតែផ្សារភ្ជាប់ជាមួយនឹងសហគមន៍កសិកម្មទំនើប ព្រោះថាសហគមន៍មានលទ្ធភាពផលិតបន្លែសុវត្ថិភាព ដឹកជញ្ជូនក្នុងថ្ងៃតែមួយ និងចែកចាយបានទូលំទូលាយ។ ទាំងនេះ នឹងអាចចូលរួមប្រកបដោយប្រសិទ្ធភាពនូវការផ្គត់ផ្គង់បន្លែមានភាពទៀតទាត់ មានសុវត្ថិភាព និងមានតម្លៃសេដ្ឋកិច្ចតាមរយៈលទ្ធកម្មរួម។ បន្ថែមពីនេះ ការជំរុញឪឡឹកលឿង និងត្រសក់ផ្អែម ជាផ្នែកមួយនៃការផ្ដល់អាហារូបត្ថម្ភ (ផ្លែឈើ) ដល់កុមារ ពីព្រោះការធ្វើពិពិធកម្មមុខម្ហូបអាហារ និងបន្ថែមអាហារូបត្ថម្ភដល់កុមារ និងស្វែងរកទីផ្សារសម្រាប់សហគមន៍កសិកម្មដាំឪឡឹកលឿងនិងត្រសក់ផ្អែមនៅខេត្តឧត្ដរមានជ័យផង ដែលមានសក្ដានុពលផ្គត់ផ្គង់ទូទាំងប្រទេស។
ជាចុងបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្ដធ្វើការជាមួយអ្នកពាក់ព័ន្ធ និងបន្តចុះតាមដានការផលិតនិងការផ្គត់ផ្គង់ និងការអនុវត្តន៍កិច្ចសន្យាកសិកម្មទាំងនេះ សំដៅជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចដល់កសិករក្នុងមូលដ្ឋាន និងសុខមាលភាពរបស់កុមារ៕