Other News
ប្រជាកសិករក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ កំពុងរីករាយ និងមមាញឹកប្រមូលផលផ្លែល្ពៅក្នុងចម្ការ ដើម្បីលក់ជូនម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងផ្សារទំនើបនៅរាជធានីភ្នំពេញ ដែលបន្តសម្រុកទៅប្រមូលទិញកសិផលរបស់ពួកគាត់ដល់ទីតាំងផ្ទាល់។ គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន វិស័យឯកជន និងផ្សារទំនើបនានា បានចុះប្រមូលទិញផ្លែល្ពៅស្រស់ របស់ប្រជាកសិករក្នុងឃុំរអាង និងឃុំភ្នំត្បែងមួយ នៃស្រុកសង្គមថ្មី សរុបប្រមាណជាង១ ១៥០ តោន។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ផ្ទៃដីដាំដុះល្ពៅ ទូទាំងខេត្តព្រះវិហារ សរុបមានទំហំប្រមាណ ២ ៥០០ ហិចតា ដែលភាគច្រើនឋិតក្នុងស្រុកសង្គមថ្មី និងស្រុកគូលែន និងអាចផ្តល់ទិន្នផលជាមធ្យមប្រមាណ ៣៧ ៥០០ តោន៕