នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ដើម្បីចុះពិនិត្យ និងវាយតម្លៃផលិតកម្មដំណាំឧស្សាហកម្មនៅក្នុងខេត្ត។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ដោយអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បាននឹងកំពុងតែកៀរគរកសិករឱ្យរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើបក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រោយពេលកសិករចងក្រងជាសហគមន៍កសិកម្មទំនើបហើយ ឯកឧត្តមសង្ឃឹមថាដំណាំឧស្សាហកម្ម និងតម្លៃទីផ្សារដំណាំឧស្សាហកម្មនៅខេត្តប៉ៃលិនកាន់តែមានភាពល្អប្រសើរឡើង។
សូមបញ្ជាក់ថា ខេត្តប៉ៃលិនមានផ្ទៃដីសរុបចំនួន ១១៩៤.៦១ គីឡូម៉ែត្រការ៉េ ដែលផ្ទៃដីកសិកម្មមាន ៤៥.៨០០ហិកតា ផ្ទៃដីអនុវត្តដាំបានមាន៨០.០០០ ហិកតា (ធ្វើ២ដង)។ ក្នុងនោះដំណាំស្វាយចន្ទីមាន ២.២០០ហិកតា ទទួលបានផល១,៥ តោន/១ហិកតា។
ជាមួយគ្នានោះដែរ ផ្ទៃដីដាំដំឡូងមីមានចំនួន ៤៤.០០ហិកតា ទទួលបរិមាណផលប្រហែល ១.០០០ .០០០ តោន(មួយលានតោន)ចំណែកមៀនប៉ៃលិនវិញ មានផ្ទៃដី ៤.៩០០ ហិកតា ដែលអាចទទួលបរិមាណផលបាន ៣.៥១០ តោន៕