នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូរួមមាន លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អញ្ជេីញចូលរួមជាគណៈអធិបតីបើកទិវាបុណ្យសមុទ្រពិភពលោក ក្រោមប្រធានបទ «ជម្រុញសកម្មភាព ដើម្បីមហាសមុទ្រនិងអាកាសធាតុយើង» នៅសហគមន៍នេសាទភូមិថ្មី សង្កាត់កែប ក្រុងកែប ខេត្តកែប។
កម្មវិធីនេះសហការរៀបចំដោយអង្គការ ActionAid Cambodia(AAC), អង្គការដៃគូ Children and Women Development Center in Cambodia(CWDCC), SAMAKY Organization, Cambodia’s Natural Resource Loves Organization(CNRO), Mlup Promviheathor Center(MPC), Partners for Development in Action(PfDA), Youth Council of Cambodia(YCC), Cambodian Youth Network(CYN), Khmer Youth Association (KYA), អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់មតិស្វាគមន៍ និងពន្យល់អំពីតួនាទីដ៏សំខាន់របស់សមុទ្រក្នុងការផ្តល់ជាជម្រកជីវៈចម្រុះ ធនធានជលផល សម្រាប់ជាអាហាររបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីព្រមទាំងសោភ័ណភាពធម្មជាតិ។ ទិវាបុណ្យសមុទ្រនេះ មានការចូលរួមផងដែរពីតំណាងសហគមន៍នេសាទតំបន់ឆ្នេរ ទាំង៤ខេត្ត រួមមាន៖ ខេត្តកំពត កោះកុង ព្រះសីហនុ និងខេត្តកែប តំណាងយុវជនសហគមន៍នេសាទ សិស្ស និងនិស្សិត អាជ្ញាធរមូលដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំយុទ្ធនាការដាំកោងកាងចំនួន "១សែន កោងកាង" ដើម្បីនិរន្តភាពជីវចម្រុះ និងទេសចរណ៍ធម្មជាតិ នៅក្នុងដែនសហគមន៍ នេសាទចំនួន១៣ ក្នុងខេត្តកែប និងខេត្តកំពត។ ក្នុងទិវានេះ បានចាប់ផ្តេីមការដាំកូនកោងកាងចំនួន ៣០០០ដើម នៅក្នុងដែននេសាទសហគមន៍នេសាទភូមិថ្មី ខេត្តកែប សម្រាប់សម្ពោធចាប់ផ្តើមយុទ្ធនាការ "១សែនកោងកាង" នៅក្នុងទិវាបុណ្យសមុទ្រ និងបន្តការដាំនេះទៅតាមសហគមន៍នេសាទផ្សេងៗទៀត៕