នៅថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី«ការអនុវត្តន៍កសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តកំពត និងខេត្តកែប។
វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពត លោកសេក សំអុន ប្រធានការិយាល័យតំបន់ឆ្នេរ នៃនាយកដ្ឋានផ្សព្វផ្សាយ មន្រ្តីកសិកម្មឃុំ-សង្កាត់ខេត្តកំពត និងខេត្តកែប សរុបអ្នកចូលរួមប្រមាណ៧៥រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលផ្តោតទៅលើ ការផ្តល់ចំណេះដឹងពាក់ព័ន្ធបច្ចេកទេសកសិកម្មវៃឆ្លាត សួនបន្លែគ្រួសារសម្រាប់អាហារូបត្ថម្ភ ស្របតាមការអនុវត្តន៍កសិកម្មល្អ រួមទាំងវិធីសាស្រ្តផ្សព្វផ្សាយកសិកម្មដល់មន្រ្តីកសិកម្មឃុំ-សង្កាត់សម្រាប់ការសម្របសម្រួលជាមួយកសិករ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំមន្រ្តីកសិកម្មឃុំ-សង្កាត់ឱ្យមានការរៀបចំស្រែបង្ហាញ ដែលផ្តោតលើគោលការណ៍ និងបច្ចេកទេសស្រែល្អ លើកស្ទួយផលិតកម្ម បង្កើនប្រាក់ចំណេញកសិករ និងជីវចម្រុះនៅតាមវាលស្រែដើម្បីនិរន្តរភាពបរិស្ថាន សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ទន្ទឹមនឹងនោះ នៅក្នុងវគ្គបណ្តុះបណ្តាល សង្កេតឃើញថាមន្រ្តីកសិកម្មឃុំ-សង្កាត់មានការចំណាប់អារម្មណ៍ ដោយបានចូលរួមយ៉ាងផុលផុសតាមរយៈការបញ្ចេញមតិ ការចោទសួរទៅកាន់គ្រូឧទ្ទេសនាម ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្តែងនៅក្នុងភូមិឃុំគោលដៅរៀងៗខ្លួន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីមូលនិធិរបស់ The Church of Jesus Christ of Latter-day Saints នៃសហរដ្ឋអាមេរិក សម្រាប់គម្រោង « ផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ » ដែលមានអង្គការ Helen Keller International, iDE and VA ជាអ្នកអនុវត្តគម្រោង៕