នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗ មន្រ្តីកសិកម្មឃុំទាំង៤៤រូប មកពីទូទាំងខេត្តក្រចេះ។
កិច្ចប្រជុំដែលរៀបចំធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោក ម៉ៅ វិចិត្រ និងលោក សៀន គីន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ព្រមទាំងមន្រ្តីមន្ទីរខេត្តពាក់ព័ន្ធ សរុប៥១នាក់។
នាឱកាសជំនួបនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរចំពោះប្អូនៗទាំង ៤៤រូប ក្នុងនោះមាននារី ២២រូប ដែលបានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ នៃខេត្តក្រចេះ។ លោកជំទាវបានគូសបញ្ជាក់ថា ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ ធ្វើឡើងស្របតាមកម្មវិធីគោលនយោបាយទី៦ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ បើតាមការបញ្ជាក់របស់លោកជំទាវ មន្ត្រីកសិកម្មឃុំ គឺជាភ្នាក់ងារដ៏សំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានតួនាទីជួយគាំទ្រកសិករមូលដ្ឋានក្នុងការកែលម្អផលិតកម្មកសិកម្ម និងជំរុញសេដ្ឋកិច្ចសហគមន៍។
ក្នុងជំនួបនេះដែរ លោកជំទាវបានផ្ដល់ឱកាស ដល់ប្អូនៗមន្រ្តីកសិកម្មឃុំទាំង ៤៤រូប ណែនាំខ្លួនម្ដងម្នាក់ ក្នុងបំណងឱ្យអង្គប្រជុំ ពិសេសមន្ដ្រីកសិកម្មឃុំទាំងអស់ ស្គាល់គ្នា និងឈានទៅបង្កើតបណ្ដាញប្រទាក់ក្រឡា ទាំងរវាងឃុំនិងឃុំ និងទាំងរវាងស្រុកនិងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់ខ្លួន ក្នុងការបម្រើប្រជាកសិករនៅខេត្តក្រចេះ។
ដើម្បីសម្រេចការងារនេះ លោកជំទាវបានផ្តល់អនុសាសន៍ណែនាំដល់ប្អូនៗមន្ដ្រីកសិកម្មឃុំ ត្រូវបង្កើនសមត្ថភាព ដែលបានទទួលពីវគ្គបណ្តុះបណ្តាលផ្ដល់ជូនដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម យកទៅអនុវត្តជួយដល់ប្រជាកសិករនៅតាមភូមិឃុំ៖ ត្រូវចេះវិភាគកំណត់បញ្ហាប្រឈមរបស់កសិករ រាយការណ៍ដើម្បីស្វែងរកដំណោះស្រាយល្អមួយ សម្រាប់ប្រជាកសិករ ដើម្បីបង្កើនផលចំណេញ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមគោលនយោបាយរបស់ក្រសួងគឺ «មានហូប មានបាន មានប្រើ និងមានរហូត»៕