នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមាន លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោក លោកស្រីគម្រោងដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា និងការកែឆ្នៃត្រីឆ្អើរ របស់អ្នកស្រី ឆែម សិរីនាថ ស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានណែនាំអំពីបច្ចេកទេសចិញ្ចឹមត្រី តាមលក្ខណៈបច្ចេកទេស និងបង្ហាញអំពីខ្សែច្រវាក់ផលិតកម្ម លើដំណើរការកាត់បន្ថយថ្លៃដើមផលិត ចំណាយដើមទុនតិច ព្រមទាំងគូសបញ្ជាក់អំពីសារៈសំខាន់នៃការចងក្រងបណ្តុំវារីវប្បករ ឬអ្នកចិញ្ចឹមវារីសត្វ និងផ្សព្វផ្សាយនូវព័ត៌មានទីតាំងបន្សាំកូនត្រីពូជដែលមានគុណភាពល្អ និងឆាប់លូតលាស់ដល់ម្ចាស់កសិដ្ឋាន។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត និងគាំទ្រដល់ម្ចាស់កសិដ្ឋានឱ្យបន្តប្រកបមុខរបរវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ សំដៅចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារផងដែរ។
ចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការបានណែនាំមន្ត្រីជំនាញ បន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្របច្ចេកទេស និងដោះស្រាយបញ្ហា និងសំណូមពរនានា របស់អ្នកស្រី ឆែម សិរីនាថដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រា ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យទិន្នផលកើនឡើង និងទទួលបានប្រាក់ចំណេញ៕