នាព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចូលរួម ថ្ងៃទី២ នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅសាលប្រជុំរដ្ឋសភា នៃវិមានរដ្ឋសភា។ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ។ ថ្ងៃទីពីនេះ អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា បានបន្តពិភាក្សាលើរបៀបរវារៈ ប្រធានបទទី៣ ស្ដីពីវិស័យកសិកម្ម។
សូមជម្រាបថា ថ្ងៃទី១ នៃសមាជបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់លើការពិភាក្សាលើរបៀបវារៈចំនួន២ គឺ ទី១.ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងទី២.ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕