នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហម នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរនូវការខិតខំយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនដែលមានការលំបាក រងគ្រោះដោយការខ្វះខាត និងជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងភ្លើងឆេះជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូរយកចិត្តទុកដាក់បង្កើតជាបណ្តាញសាខារហូតដល់ភូមិ ជាពិសេសមានយុវជន និងសកម្មជន ដើម្បីកំណត់ជនងាយរងគ្រោះ និងជួយបានទាន់ពេលវេលា ក្នុងការទទួលបាននូវអំណោយ និងភោគផលនៃសុខសន្តិភាព ដោយរាជរដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោលឡើយ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកនូវអំណោយជាថវិកា អង្ករ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់ចាស់ជរាចំនួន ១០០គ្រួសារ និងជូនពរដល់អង្គពិធីទាំងមូលទទួលបានសេចក្តីសុខ ក្រោមម្លប់សុខសន្តិភាព៕