នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មន្ត្រីកសិកម្ម ដើម្បីចុះពិនិត្យវឌ្ឍនភាព និងជំរុញកសិករភ្ញាស់ពូជកង្កែបបានជោគជ័យចំនួនពីរទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ទីតាំងដែលក្រុមការងារចុះពិនិត្យនេះ រួមមាន ទី១.កសិករភ្ញាស់កូនកង្កែបពូជ លោក ណេង យ៉ុង នៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ និងទី២.កសិករភ្ញាស់កូនកង្កែបពូជ លោក ឡេង ម៉េងស្រ៑ាង នៅភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម ជំរុញ លើកទឹកចិត្តឱ្យកសិករភ្ញាស់ពូជ និងចិញ្ចឹម ចងក្រងគ្នាជាសហគមន៍ ដើម្បីទទួលបានសារប្រយោជន៍ ការគាំទ្រ និងបង្កើនភាពធន់ផ្នែកទីផ្សារ និងការផ្គត់ផ្គង់ ពិសេសកាត់បន្ថយថ្លៃដើមផលិតកម្ម។ ជាការលើកទឹកចិត្ត ឯកឧត្តមក៏បានចែកជូននូវវីតាមីនចម្រុះជូនកសិករភ្ញាស់ពូជកង្កែបទាំងពីរកន្លែង សម្រាប់លាយចំណីបំប៉នមេពូជ និងជំនួយសុខភាពកូនកង្កែបពូជផងដែរ៕