ការផ្សងដោយផ្អែកលើការបរិភោគរបស់គោឧសភរាជបានបង្ហាញថា នៅឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ
ចេញផ្សាយ ១៥ ឧសភា ២០២៥
1480
បន្ទាប់ពីបានច្រត់ព្រះនង្គ័ល៣ជុំរួចហើយនោះ ព្រាហ្មណ៍ព្រះរាជគ្រូ បានសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។
តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែលកាន់នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្តបរិភោគ អ្វីក៏បរិភោគទៅ គេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោ បរិភោគអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ។
ឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោបរិភោគអ្វី ក៏ទាយថា ក្នុងឆ្នាំនេះ៖ របស់នោះសម្បូរប្លែក តែបើបរិភោគស្មៅទាយថា នឹងកើតជំងឺគោ បើបរិភោគស្រានឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន។
ក្នុងព្រះរាជពិធីនាព្រឹកនេះ គោឧសភរាជបរិភោគ ស្រូវ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ។ តាមការបរិភោគនេះ បង្ហាញថា ឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ៕