នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឥណ្ឌា(ICC) ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មលេីវិស័យកសិកម្ម និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ និងបានគូសបញ្ជាក់ថាកម្ពុជា មានកសិផលជាច្រេីនរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ដំឡូងមី ម្រេច គ្រឿងទេស ដែលមានគុណភាពខ្ពស់ ជាឱកាសល្អសម្រាប់អ្នកវិនិយោគឥណ្ឌាក្នុងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាមួយនឹងការបង្កេីតស្លាកយីហោ(Branding) ដែលជារឿងសំខាន់សម្រាប់ពាណិជ្ជកម្ម ប្រការសំខាន់កម្ពុជាចង់ប្រែក្លាយពីការនាំចេញវត្ថុធាតុដេីម មកជាការនាំចេញផលិតផលសម្រេចដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លេីសពីនេះ ប្រទេសកម្ពុជា មានច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រេីន និងក្របខណ្ឌច្បាប់ដែលអំណោយផលដល់ការវិនិយោគផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ស្នេីឱ្យភាគីឥណ្ឌាពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍(R&D) ចូលរួមរៀបចំប្រព័ន្ធផលិតកម្មផ្តោតលេីការកសាង សហគមន៍កសិកម្មទំនេីប ការនាំចូលជី-ថ្នាំកសិកម្ម ដែលមានគុណភាពល្អនិងតម្លៃសមរម្យ ផ្តល់បច្ចេកទេសចិញ្ចឹមគោទឹកដោះកាន់តែច្បាស់ទូលំទូលាយ និងការអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដែលជាអាហារូបត្ថម្ភសម្រាប់ប្រជាជន សំដៅបង្កេីននូវភោគផលសេដ្ឋកិច្ច និងជួយកាត់បន្ថយសម្ពាធធនធានធម្មជាតិចេញពីការនេសាទ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីការរៀបចំកម្មវិធី(CAFE25) ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងបានអញ្ជើញគណៈប្រតិភូឥណ្ឌាដើម្បីចូលរួម ម្យ៉ាងវិញទៀត លោកបណ្ឌិត Rajjev Singh Tyagi អគ្គនាយកសភាពាណិជ្ជកម្មឥណ្ឌា(ICC) បានបង្ហាញគោលជំហរផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យកសិកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សំដៅបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់ផលចំណេញទាំងអស់គ្នា៕