នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារភូមិជាប់ព្រំដែនទាំង៥ នៃឃុំស្លក្រាម និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណេីរចុះសួរសុខទុក្ខនេះ បានផ្តល់ជាឯកសណ្ឋានប្រជាការពារចំនួន ៦៥កំផ្លេរ(ខោ អាវ ខ្សែរក្រវ៉ាត់ មួក) វិទ្យុទាក់ទងចំនួន ៤៧គ្រឿង និងពិលចរាចរណ៍២០ពិល ក្នុងនោះមានការចូលរួមពីសំណាក់ ឯកឧត្តម សួន សុវណ្ណ និងសហការី បានឧបត្ថម្ភសម្លៀកបំពាក់ប្រជាការពារ ៦៥ កំផ្លេរ ឯកឧត្តម អ៊ុង សំអាត ឧបត្ថម្ភអាយកូមចំនួន ២៧ និងឯកឧត្តម អ៉ឹម ស៊ីថុល ឧបត្ថម្ភអាយកូមចំនួន ២០ និងពិលប្រជាចរាចរណ៍ចំនួន ២០។
ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ តំណាងឯកឧត្តមឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ព្រមទាំងមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំង៣ លោកមេភូមិ មេប៉ុស្ត៍នគរបាល លោក-លោកស្រី អនុប្រធាន សមាជិក ក្រុមការងារស្រុក ប្រធាន អនុប្រធាន ក្រុមការងារទទួលបន្ទុកឃុំ និង ភូមិ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អុឹម ស៊ីថុល មានប្រសាសន៍កោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបម្រើផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ក៏បានលើកទឹកចិត្ត និងណែនាំឱ្យរដ្ឋបាលឃុំ ប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ និង អធិការដ្ឋាននគរបាលស្រុក ដោយមានការគាំទ្រពីក្រុមការងារទទួលបន្ទុកស្រុក និងឃុំ ជំរុញសម្រេចផែនការតាមពេលវេលាដែលបានគ្រោងទុក។
បន្ទាប់មក ឯកឧត្តម អុឹម ស៊ីថុល អមដំណើរដោយ ឯកឧត្តម វ៉ា ពិសី និងលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានបន្តជួបជាមួយលោកមេឃុំ នាយប៉ុស្តិ៍នគរបាល និងក្រុមការងារចំពោះកិច្ចដើម្បីស្តាប់នូវលទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ពាក់ព័ន្ធនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសការស្រង់ និងការរៀបចំពាក្យស្នើសុំ កែកំហុសទិន្នន័យក្នុងឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ...ល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្ត និងផ្តាំផ្ញេីដល់ក្រុមការងារទាំងអស់បន្តខិតខំយកចិត្តទុក្ខដាក់ ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ រហ័សទាន់ចិត្ត និងសម្រេចតាមផែនការដែលបានគ្រោងទុក៕