នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្តីពីការដាក់បញ្ចូលយេនឌ័រទៅក្នុងដំណើរការ នៃការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ ក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំការយល់ដឹងអំពីយេនឌ័រនៅក្នុងវិស័យ NDC ដើម្បីកំណត់បញ្ហាប្រឈមក្នុងការបញ្ជ្រាបយេនឌ័រ និងពិភាក្សាអំពីយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រប្រកបដោយប្រសិទ្ធភាព។
បន្ថែមលើនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកពីសកម្មភាពធំៗចំនួន៤ តាមអនុវិស័យនីមួយៗក្នុងវិស័យកសិកម្ម ដើម្បីដាក់បញ្ចូលទៅក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមមាន អនុវិស័យកសិកម្ម អនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល និងអនុវិស័យព្រៃឈើ។
ជាចុងបញ្ចប់ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចំពោះកិច្ចសហការល្អក្នុងការអនុវត្តន៍ការងារ និងរៀបចំផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ ក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕