នៅថៃ្ងទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំនាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផលនៃខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះទប់ស្កាត់ បង្ក្រាបបទល្មើស និងអភិរក្សធនធានជលផល នៅក្នុងភូមិសាស្ត្រក្រុងព្រៃវែង និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្នុងដំណើរនេះ ក្រុមការងារជំនាញ បង្ក្រាបបទល្មើសបានចំនួន០៣ករណី ពីការនេសាទដោយប្រើឧបករណ៍ស្បៃមុងចំនួន០២ករណី និងនេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍នេសាទដែលទើបបង្កើតថ្មី ឬរបៀបនេសាទបង្កើតថ្មី ឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន០១ករណី។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានចុះពិនិត្យសហគមន៍នេសាទ "បឹងស្នេហ៍" ចំនួនបួនសហគមន៍នេសាទ រួមមានទី១.សហគមន៍នេសាទ ធាយ២. សហគមន៍នេសាទ ថ្មីសម័យតេជោ ៣. សហគមន៍នេសាទ ដំរីពួន និងទី៤. សហគមន៍នេសាទ ជ័យជំនះដែលមានទីតាំងស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីជំរុញការថែរក្សាការពារ និងអភិរក្សនៅតំបន់សើមដែលជាតំបន់ទេសចរណ៍ អេកូឡូស៊ី។
បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ ឧបករណ៍ស្បៃមុងនិងឧបករណ៍ទំនើបថ្មីល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន លូស្បៃមុងចំនួន៧១មាត់ របាំងព្រួលស្បៃមុងប្រវែង១២០០ម៉ែត្រ បង្គោលចម្រឹងចំនួន៤១០ដើម លបប្រឺសមួយរយចំនួន០៦គ្រឿង និងលែងវារីសត្វចូលទៅក្នុងដែននេសាទធម្មជាតិវិញទម្ងន់៥០គីឡូក្រាម៕