នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយ Team Europe Initiative 1 “Green Agribusiness and Decent Jobs” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរុប ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបានយល់ច្បាស់នូវវឌ្ឍនភាពគម្រោងដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍនានា ទាំងគម្រោងបានបញ្ចប់ជាស្ថាពរ និងគម្រោងកំពុងស្ថិតក្នុងការអនុវត្តនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់សហភាពអឺរ៉ុបបន្តផ្តល់ការគាំទ្រលើគម្រោង Aspire-AT និងសម្រួចគោលដៅទៅលើការអភិវឌ្ឍន៍កសាង សហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ដោយឡែកសម្រាប់គម្រោង Capfish-Aquaculture ផងដែរដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំនេះ ឯកឧត្តម បានស្នើឱ្យភាគីអឺរ៉ុបចូលរួមបន្តគាំទ្រ និងផ្តោតសំខាន់លើការកែច្នៃផលិតផលជលផលទឹកសាបកម្ពុជា ឱ្យមានការកើនឡើង និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនពីការរៀបចំកម្មវិធី(CAFE25) ដែលជាកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មលើកដំបូងរបស់កម្ពុជា និងបានអញ្ជើញតំណាងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបដើម្បីចូលរួម ក៏ដូចជាសហការក្នុងការរៀបចំ សំដៅលើកកម្ពស់វិស័យកសិកម្មកម្ពុជា ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕