ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍នេសាទចុងអូរ ក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍សហគមន៍ និងលេីកកម្ពស់ជីវភាពបងប្អូនកសិករសមាជិក។
លោកប្រធានសហគមន៍បានលើកឡើងថា សហគមន៍ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍មួយចំនួន និងបានលើកសំណើអំពីតម្រូវការអភិវឌ្ឍន៍ជូនមន្ត្រីគម្រោង LASED III ដើម្បីស្នើសុំការគាំទ្រផងដែរ។ សហគមន៍នេះមានសមាជិក ២៥០នាក់ និងប្រកបមុខរបរដូចជា នេសាទ វារីវប្បកម្ម ចិញ្ចឹមមាន់ ដាំបន្លែ និងធ្វើស្រែ ព្រមទាំងចូលរួមដាំ និងការពារព្រៃកោងកាង។
ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យសហគមន៍ពង្រឹងសមត្ថភាពគ្រប់គ្រង និងចេះរៀបចំផែនការអភិវឌ្ឍច្បាស់លាស់ ស្របតាមតម្រូវការរបស់ប្រជាសហគមន៍ ដើម្បីក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍងាយស្រួលវាយតម្លៃ និងផ្តល់ការគាំទ្រ។ ទន្ទឹមនេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យមន្ត្រីសម្របសម្រួលគម្រោង LASED III ផ្តល់ការគាំទ្រដល់សហគមន៍ ស្របតាមទិសដៅនៃគម្រោង៕