នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសិកម្ម ក្នុងរយ:ពេល៥ខែ ដេីមឆ្នាំ២០២៥ និងជួបសំណេះសំណាលជាមួយ ប្អូនៗមន្រ្តីកសិកម្មឃុំចំនួន ១៧នាក់ នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងគម្រោង LASED III និងថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងរយៈពេល៥ខែដើមឆ្នាំមកនេះ ស្របតាមគោលនយោបាយ និងផែនការសកម្មភាពដែលបានដាក់ចេញ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលស្រុក និងគណ:អភិបាលស្រុកព្រៃនប់ ដែលបានយកចិត្តទុកដាក់ជួយផ្តល់កន្លែងស្នាក់នៅ និងកន្លែងជួបប្រជុំដល់មន្ត្រីកសិកម្មឃុំ ក្នុងស្រុកព្រៃនប់ផងដែរ។
ទន្ទឹមនឹងការអបអរសាទរចំពោះមន្ត្រីកសិកម្មឃុំទាំង ១៧រូប ដែលបានប្រឡងជាប់ និងកំពុងចុះបំពេញការងារជួយដល់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការបានលេីកឡេីងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ជាពិសេសគោលនយោបាយ "មានហូប មានប្រេី មានបាន និងមានរហូត" ដោយសង្កត់ធ្ងន់លេីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង លេីកកម្ពស់ជីវភាពប្រជាកសិករ និងចូលរួមទ្រទ្រង់កំណេីនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ឯកឧត្តម គង់ ច័ន្ទវាសនា បានលេីកឡេីងអំពីសមិទ្ធផលច្រេីនអនេកដែលរាជរដ្ឋាភិបាល និងក្រសួងកសិកម្មសម្រេចបានក្នុងវិស័យកសិកម្ម ជាពិសេសការជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្ម ដោយបកស្រាយពន្យល់បែបងាយៗ និងសាមញ្ញ ជាមួយនឹងលទ្ធផលជាក់ស្តែងផងដែរ។
ជាទីបញ្ចប់ ឯកឧត្ដមបានលើកទឹកចិត្តប្អូនៗឱ្យបន្តបំពេញការងារតាមឃុំគោលដៅ ផ្សារភ្ជាប់ឱ្យបានជិតស្និទ្ធជាមួយមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ប្រេីប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យជាប្រយោជន៍ដល់ការងារកសិកម្ម និងជួយដោះស្រាយបញ្ហាប្រឈមគាំទ្រដល់ប្រជាកសិករ៕