នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង CASDP អមដំណើរដោយមន្រ្ដីអនុវត្ដគម្រោងមន្ទីរកសិកម្មខេត្ដសៀមរាប និងមន្រ្ដីពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មទំនើបសសី និងសហគមន៍កសិកម្មឃុំពពេលរុងរឿង ស្ថិតនៅខេត្ដសៀមរាប។
ជំនួបនេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាព ដឹកនាំដំណើរការអាជីវកម្ម បញ្ហាប្រឈម និងពិនិត្យលើចំណុចខ្វះខាតបច្ចេកទេសរបស់សហគមន៍ ក្នុងគោលបំណងរួមតែមួយគឺជួយសហគមន៍ ពង្រឹងប្រសិទ្ធភាពដឹកនាំ ពង្រឹង និងពង្រីកទីផ្សារ ដោយផ្អែកលើស្ដង់ដាផលិតផលរួមតែមួយ ឆ្លើយតបតាមតម្រូវការទីផ្សារ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសសើរចំពោះឆន្ទ:បង្កើតឡើង និងដំណើការសហគមន៍ទំនើប ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីសហគមន៍ឆ្លងកាត់ឧបសគ្គប៉ុន្តែនៅតែជំនះរៀបចំចាត់ចែងផែនការផលិតកម្ម និងធ្វើយ៉ាងណាឱ្យផលិតផលមានស្តង់ដារនៅលើទីផ្សារ។
បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋលេខាធិការ ក៏លើកទឹកចិត្ដដល់ប្រធានសហគមន៍ត្រូវផ្តួចផ្តើមបង្កើតឱ្យមានកូដសំរាប់ស្វែងរកប្រភព(Traceability Code)ដើម្បីគ្រប់គ្រង ថែរក្សាស្ថិរភាព គុណភាពផលិតផលរបស់សហគមន៍ ដោយត្រូវគ្រប់គ្រងបច្ចេកទេសក្នុងផលិតកម្ម ត្រូវតែហ្មត់ចត់ មានស្តង់ដារតែមួយ ដែលត្រូវតាមការចង់បាននៅលើទីផ្សារ។
បន្ទាប់ពីជំនួបពិភាក្សា ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយសហការីអមដំណើរ និងមន្រ្ដីពាក់ព័ន្ធបានបន្តចុះពិនិត្យមើលកសិដ្ឋានដាំបន្លែ ហេដ្ឋារចនាសម្ព័ន្ធរបស់សហគមន៍ ដើម្បីពិនិត្យមើលស្ថានភាពក្នុងការដាំដុះជាក់ស្ដែង ក៏ដូចជាការផ្ដល់មតិយោបល់កែលម្អបន្ថែម និងបានចុះពិនិត្យមើលផ្ទះសំណាញ់១ខ្នង ដែលទទួលបានពី ODA/ Korea ផ្តល់ជូនដល់សហគមន៍៕