នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង។
ក្នុងព្រះរាជពិធីនេះ មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ។
នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ផាត សុផាន្នី ទទួលបានព្រះបរមរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើជាស្តេចមាឃ និងមេហួ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័ល និងសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីតាំងពីបុរាណកាលតរៀងមក។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ធ្វើឡើងក្នុងគោលបំណងផ្សង មើលពីប្រផ្នូលស្រុកទេស និងការបង្កបង្កើនផល ទៅតាមការបរិភោគរបស់គោឧសភរាជ។ ពិធីនេះដែរក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវវស្សា ជារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។
តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ៧យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជចូលចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕