នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកដំណើរការអនុវត្តគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី៣) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំគម្រោងនេះឡើង ជាពិសេសការគាំទ្របច្ចេកទេសរបស់ទីភ្នាក់ងារលើកកម្ពស់អប់រំ និងសេវាព័ត៌មានស្បៀង EPIS នៃសាធារណរដ្ឋកូរ៉េ បានបន្តសហការជាមួយ ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន(AFSIS) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន (ASEAN+3) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹងសមត្ថភាពមន្រ្តីលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្មទាន់ពេលវេលា(Real-Time)។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីភាពជោគជ័យនូវដំណាក់ទី០១ និង០២ កន្លងមកដែលបានទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាពពិតប្រាកដ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់គម្រោង(ដំណាក់កាលទី៣) នាពេលខាងមុខគឺធ្វើយ៉ាងណាផ្តល់ប្រយោជន៍ដល់ការធ្វើធុរកិច្ច និងទាក់ទាញការវិនិយោគ សំដៅជំរុញឱ្យមានកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវចូលរួមសហការ និងពង្រឹងសមត្ថភាព ដើម្បីធានាបាននិរន្តរភាពការងារ ផលិតទិន្នន័យស្ថិតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និងសំដៅពង្រឹងសមត្ថភាពពាក់ព័ន្ធលើការងារប្រមូលទិន្នន័យស្ថិតិ ដើម្បីពីនិត្យវាយតម្លៃរាល់ទិន្នន័យត្រឹមត្រូវជាក់ស្តែង តាមបច្ចេកវិទ្យាស្តង់ដារក្នុងតំបន់អាស៊ាន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថាអង្គភាព និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តគម្រោងនេះនឹងបន្តខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីកាន់តែសកម្ម និងដោយបុរេសកម្ម សំដៅសម្រេចឱ្យបាននូវទិសដៅការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងជូនពរដល់ការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់៕