នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោងកែលម្អសន្ដិសុខទឹកកម្ពុជា (CaWSIP) អមដោយក្រុមការងារលេខាធិការដ្ឋានអចិន្ត្រៃយ៍ NAP ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្ដគម្រោង CaWSIP បានចុះពិនិត្យស្ថានភាពទីជម្រាលតំបន់គោលដៅអនុវត្ដរបស់គម្រោង នៅខេត្ដក្រចេះ។
ក្នុងដំណេីរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានទទួលស្តាប់ការធ្វេីបទបង្ហាញអំពីវឌ្ឍនភាពការអនុវត្តគម្រោង នៅមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការ ស្ថានភាព និងតំបន់គោលដៅអនុវត្តសំខាន់ៗរបស់គម្រោង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញអំពីកិច្ចការងាររបស់លេខាធិការដ្ឋានអចិន្ត្រៃយ៍ NAP និងផែនការសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីជូនដល់ក្រុមការងារអនុវត្តគម្រោង និងភាគីពាក់ព័ន្ធផ្សេងទៀត បានស្វែងយល់និងចូលរួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ជាកិច្ចបន្ទាប់ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យស្ថានភាពទីជម្រាល និងជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលឃុំកន្ទួត តំណាងសហគមន៍ (កសិកម្ម-នេសាទ-ព្រៃឈើ) និងមន្ត្រីកសិកម្មឃុំគោលដៅ ដើម្បីពិនិត្យ និងស្វែងយល់ពីស្ថានភាពជាក់ស្ដែងក្នុងតំបន់អនុវត្ដគម្រោង។
ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្ដគម្រោងនេះនឹងមានភាពប្រសេីរឡេីងក្នុងការគ្រប់គ្រងទឹក ប្រកបដោយនិរន្ដរភាព ជួយលេីកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ តាមរយៈការប្រកបមុខរបរកសិកម្ម និងសេវាកម្មអេកូទេសចរណ៍ និងបានលើកទឹកចិត្តជំរុញឱ្យមានការចងក្រងជាសហគមន៍កសិកម្មទំនើប គិតគូរទីផ្សារទុកជាមុន ជាពិសេសទទួលបានការគាំទ្រពីក្រសួងផ្ទាល់ផងដែរ។
ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាលឃុំបន្ដចូលរួមសហការជាមួយនឹងមន្ទីរកសិកម្ម មន្ទីរធនធានទឹក ជាពិសេសមន្រ្ដីកសិកម្មឃុំដែលជាជំនួយការក្នុងការពិគ្រោះយោបល់ និងផ្ដល់ព័ត៌មានដល់កសិករប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕