Other News
ប្រជាកសិកររស់នៅភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានបង្ហាញសេចក្តីរំភើបរីករាយ ចំពោះវត្តមានមន្រ្តីកសិកម្មឃុំថ្មីនៅមូលដ្ឋានរបស់ពួកគាត់។ មន្ដ្រីកសិកម្មឃុំ ដែលនឹងជួយផ្តល់ប្រឹក្សា ពាំនាំសំណូមពរ ក៏ដូចជាស្វែងរកដោះស្រាយចំពោះបញ្ហាកសិកម្មជូនដល់ប្រជាកសិករ។ សូមជម្រាបថា មន្រ្តីកសិកម្មឃុំថ្មីចំនួន ៤៤រូប ត្រូវបានជ្រើសរើសដើម្បីបំពេញការងារនៅតាមមូលដ្ឋានឃុំចំនួន៤៤ នៃខេត្តក្រចេះ។ បម្រើការងារក្នុងក្រមខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីកសិកម្មឃុំ មានតួនាទីជួយគាំទ្រលើការងារផ្នែកបច្ចេកទេស ផ្តល់ព័ត៌មាន ផ្តល់ប្រឹក្សាយោបល់ ប្រមូលទិន្ន័យ និងកំណត់ដំណោះស្រាយជូនប្រជាកសិករ ហើយអ្វីដែលសំខាន់ជាងគេ គឺជួយជំរុញផលិតកម្មរបស់កសិករ និងសហគមន៍ ផ្សារភ្ជាប់ទៅនឹងទីផ្សារ៕